ខេត្តកំពត៖ កម្លាំងរបស់អធិការនគរបាលស្រុកកំពង់ត្រាច សហការជា មួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្ត បានចុះបង្ក្រាបកន្លែងទីតាំងលាក់ខ្លួនជួញដូរនិង ប្រើប្រាស់គ្រឿងញៀនបីកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ នៅស្រុកកំពង់ត្រាច។
តាមប្រភពពីការិយាល័យប្រឆាំងបទល្មើសគ្រឿង ញៀនបានឲ្យដឹងថា នៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងការិយា ល័យជំនាញគ្រឿងញៀន និងកម្លាំងជំនាញគ្រឿង ញៀននៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដឹកនាំដោយលោក វរសេនីយ៍ទោ អឿម ឃឿម នាយរងការិល័យ និងលោកវរសេនីយ៍ទោ សេង សុគន្ធចាត់ អធិការនគរ បាលស្រុក និងលោកវរសេនីយ៍ត្រី សឹម នៅ អធិការរង បានចុះទៅបង្ក្រាបទីតាំងលាក់ខ្លួនពួនសម្ងំប្រើប្រាស់និងជួញដូរថ្នាំញៀននៅក្នុងភូមិកំពង់ ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងករណីចុះបង្ក្រាបលើក ដំបូងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងប្រើប្រាស់ថ្នាំញៀននិងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់តូច។
ជនសង្ស័យទាំងបីនាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១/ឈ្មោះគឹម វិសាល ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
២/ឈ្មោះ រ៉េត អម្រឹតធិរាជ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។
៣/ឈ្មោះ សេង ឆាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភពបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ០៣នាក់រួចហើយ នៅវេលាម៉ោង ២.០០នាទី កម្លាំងសមត្ថកិច្ចបានបន្តចុះបង្ក្រាបទីតាំងប្រើប្រាស់មួយកន្លែងទៀតក្នុងឃុំកំពង់ត្រាចខាងកើត និងបានឃាត់ខ្លួនជនសង្ស័យបាន០២នាក់ទៀត រួមនិងវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ធំ។
ជនសង្ស័យទាំងពីរនាក់មាន៖ ១/ ឈ្មោះ សែម សីហា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
២/ ឈ្មោះ ហាន់ ចាន់តារា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៩ កម្លាំងការិយាល័យជំនាញគ្រឿងញៀនខេត្តនិង កម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចដដែល បានបន្តចុះទៅបង្ក្រាបទីតាំងថ្នាំញៀនមួយកន្លែងទៀត នៅចំណុចភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត និងរឹបអូសវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូចនិងឧបករណ៍សម្រាប់ជក់មួយកំប្លេរ។
ជនសង្ស័យទី១/ឈ្មោះ ម៉ា ធេញ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។
២/ឈ្មោះ ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់រួមនិងវត្ថុតាងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រាចបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕